លោកឧត្តមសេនីយ៍ត្រីម៉េង ស្រ៊ុន បានអញ្ជេញដឹកនាំក្រុមការងារ……

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងសប្បុរសជន បាននាំយកអំណោយទៅចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខនិងជនភៀសសឹកចំនួន៨០០គ្រួសារ ក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប………. 

កំពង់ស្ពឺ៖នាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងសប្បុរសជន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្កកំពង់ស្ពឺ(ស.ស.យ.ក.កំពង់ស្ពឺ) បានណាំយកអំណោយទៅចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹកចំនួន៨០០គ្រួសារ ដែលស្ថិតក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខដល់ជនភៀសសឹកដោយផ្ទាល់ ព្រមទាំងបានសំដែងនូវការព្រួយបារម្មរណ៍ ដោយក្តីអាណិតអាសូរពន់ពេក ក្នុងនាមជាខ្មែរតែមួយ ឈាមខ្មែរតែមួយនិងថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង លោកតា លោកយាយទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្មជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបម្លាស់ទីមកកាន់ទីជម្រកសុវត្ថិភាព ដើម្បីការពារ និងគេចចេញពីការវាយប្រហារឈ្លានពានទីតាំងភូមិឋាននានាដោយកងទ័ពប្រទេសថៃ។

ដោយទឹកចិត្តភ្ជាប់ជាមួយក្តីស្រលាញ់ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមការងារ ក៏បាននាំយកនូវសម្ភារៈមួយចំនួន ចែកជូនដល់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក រួមទាំងកងកម្លាំង ប្រជាការពារ ដែលបានចូលរួមគឺក្នុងមួយគ្រួសារទទួលបាននូវ៖អង្ករ,ទឹកសុទ្ធ,មី,គុយទាវភ្នំពេញ,ស៊ីអ៊ីវ,ទឹកត្រី,ត្រីខ,ភួយ,មុង,កន្ទេល,សាច់ក្រក,ថ្នាំពេទ្យ និងត្រីងៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ថវិកា សម្ភារៈគ្រឿងឧបភោគបរិភោគផ្សេងៗដែលបានចូលរួមឧបត្ថម្ភនោះគឺ កើតចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់បងប្អូន ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ និងជួយដល់កងកម្លាំងជួរមុខ និងជនភៀសខ្លួន។

ការចែករំលែកនេះបង្ហាឲ្យឃើញនូវបេះដូងខ្មែរតែមួយ ស្មារតីជាតិនិយមបានផុសផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុត នេះបញ្ជាក់ឱ្យឃើញថាស្មារតីសាមគ្គីជាតិឯកភាពជាតិ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ និងដើម្បីខ្មែរ សកម្មភាពចែករំលែកទាំងនេះ បង្ហាញឲ្យឃើញពីសាមគ្គីភាពជាធ្លុងមួយនៃប្រជាជនខ្មែរ ក៏ជាគំរូដ៏ល្អសម្រាប់ក្មេងជំនាន់ក្រោយ។

    1. ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនសប្បុរសជនដែលមានចិត្តសប្បុរសធម៏ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕និងសូមប្រសិទ្ធពរជ័យ សេរីមង្គល សិរីសួស្តី បវរមហាប្រសើរ ដល់សប្បុរសជនរួមនិងក្រុមការងារទាំងអស់ សូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ ព្រមទាំងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈសុខៈពលៈបដិភានៈ កុំបីឃ្លានឃ្លាតឡេីយ។