សមត្ថកិចជំនាញខេត្តកំពង់ធំបង្រ្កាបនិងបានដុតបំផ្លាញចោលគ្រឿងឧបភោគបរិភោគសរុប៥តោន

(កំពង់ធំ)÷ ត្រីសាម៉ុនគ្រឿងក្នុងសត្វមាន់ និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត សរុបជាង៥តោន ជាទំនិញមិនមានលិខិតស្នាមបញ្ជាក់ ព្រមទាំងការដឹកជញ្ជូនពុំត្រឹមត្រូវតាមបច្ចេកទេស ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាននិងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់បញ្ជាឱ្យលោកដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការណ៍ជាមួយ មន្រ្តីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) និងខណ្ឌរដ្ឋបាលជលផល និងមានសម្របសម្រួលនិតិវិធីច្បាប់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ  បានចុះធ្វើការបង្ក្រាប រថយន្តក្រុង ម៉ាក ហុីយិនដាយ ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ(ភ្នំពេញ 3D3941)ដឹកជញ្ជូននាំចូលផលិតផលជលផល គ្រឿងក្នុងសត្វមាន់ ទឹកស៊ីអុីវ និង វ៉ាសាបី មិនមានលិខិតស្នាមអ្វីបញ្ជាក់ វេចខ្ចប់មិនត្រឹមត្រូវតាមបច្ចេកទេស ខូចគុណភាពខុសច្បាប់។
សម្ភារវត្ថុតាងទាំងអស់រួមមាន÷១.ត្រីសាមុន ១៤០កេស ស្មើនឹង៣០១០គីឡូក្រាម។ ២.គ្រឿងក្នុងសត្វមាន់២១០កេស ស្មើនឹង២៥២០គីឡូក្រាម។ ៣.ទឹកស៊ីអុីវ១០០កាន ស្មើនឹង៤០០ លីត្រ។ ៤.វ៉ាសាបី ២កេស ស្មើនឹង១០០គីឡូក្រាម។ ហើយការសម្រេចដុតកម្ទេចចោលទំនិញខាងលើនេះ ធ្វើឡើងតាម យោងស្មារតីអង្គប្រជុំចុះថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥ របស់ក្រុមការងារចម្រុះ ដែលសម្របសម្រួលដោយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្តីពីការត្រួតពិនិត្យវាយតម្លៃគុណភាព លើទំនិញនាំចូលគ្រប់ប្រភេទបានសម្រេចកម្ទេចចោល ចំពោះទំនិញខូចគុណភាព និងខុសច្បាប់ ហើយកសាងនិតិវិធីតាមជំនាញរៀងៗខ្លួន។
លោក ហេង ភារម្យ ប្រធានសាខា ការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់(កបប) បានប្រាប់ថា ការបង្ក្រាបទល្មើសខាងលើនេះធ្វើឡើង នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៤០នាទី ត្រង់ចំណុច ស័កបីអ៊ុំ ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ការសម្រេចដុតកំទេចចោលទំនិញខាងលើនេះគឺអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មានវិធានការទប់ស្កាត់មិនឱ្យនាំចូលទំនិញមួយចំនួនខុសច្បាប់ដឹកចេញពីព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទសាលាដំបូងខេត្តកំពង់ធំ