សមត្ថកិច្ចបង្រ្កាបលបកន្ទុយកណ្តុរ៣០គ្រឿងនិងរបាំងស្បៃមុងជាច្រេីនករណីនៅខេត្តកំពង់ឆ្នាំង
សមត្ថកិច្ច បង្ក្រាប លបកន្ទុយកណ្ដុរ ៣០គ្រឿង និងរបាំងស្បៃមុងជាច្រើនករណី នៅខេត្តកំពង់ឆ្នាំង
—————-
ខេត្តកំពង់ឆ្នាំង÷ក្រោយទទួលបានព័ត៌មានថាមានបទល្មើសនេសាទនៅបន្តកើតមាន សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បែងចែកកម្លាំង ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ បំផ្លាញចោលនៅនឹងកន្លែង បានជាច្រើនករណី ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អោយដឹងថា សកម្មភាពនេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយ ក្រុមទី១៖ កម្លាំងជលផលកំពង់ឆ្នាំង សហការជាមួយនឹងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងគណបញ្ចាការឯកភាពរដ្ឋបាលស្រុកជលគិរី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សោភា មេបញ្ចាការសឺករងកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរបាំងលូស្បៃមុង និងលបកន្ទុយកណ្ដុរ នៅចំណុចខាងកើតភមិក្បាលកន្លង់ និងចំណុចកប់ចេស ភូមិពាមឆ្កោក និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី និង ក្រុមទី២៖សហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ង៧០ វិរៈ៩១១ និង គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកកំពង់លែង បានចុះប្រតិបត្តិការ ចាប់ពីចំណុចអង្គរទ្វីប ដល់ មុខវត្តសំរោងសែន ក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ និង ឃុំសំរោងសែន ស្រុកកំពង់លែង ។
ជាលទ្ធផលរួមបានប្រទះឃើញការនេសាទ ប្រើរបាំងសាច់អួនដែលមានប្រវែងលើសពីការ កំណត់របស់ច្បាប់ស្តីពីជលផល។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើកាត់តម្រឹម ឲ្យស្របនឹងច្បាប់កំណត់ ។ និងបំផ្លាញចោលនៅហ្នឹងកន្លែង មានលបកន្ទុយកណ្ដុរចំនួន១ករណី ស្មើនឹង ៣០ គ្រឿង / របាំងស្បៃមុងចំនួន១ករណី ស្មើនឹង១០កន្លែង ប្រវែង ៥០០ ម៉ែត្រ លូស្បៃមុងចំនួន ១០ គ្រឿង បង្គោលចំនួន ២០០ ដើម / របាំងសាច់អួនចំនួន១ករណី ស្មើនឹងចំនួន២កន្លែង ប្រវែង ៣០០ ម៉ែត្រ បង្គោលចំនួន១៥០ ដើម លបលូ ៤មាត់ / និងចាក់លែងត្រីល្អិតចម្រុះចំនួន ១០០ គីឡូក្រាម ចូលដែននេសាទវិញ៕