ឯកឧត្តមអ៊ុក ពញ្ញដឹកនាំកិច្ចប្រជុំពិនិត្យរបាយ៍ការវឌ្ឍនភាពឆមាសទី១និងលេីកទិសដៅបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្តម អ៊ុក ពញ្ញា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ និងលើកទិដៅបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃសៅរិ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឆាយ ឫទ្ធិសែន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុក ពញ្ញា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ និងលើកទិដៅបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ហូ សុវណ្ណិកា អនុប្រធានប្រចាំការយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា សរុបចំនួន ៤៦រូប។

កិច្ចប្រជុំខាងលើ បានដំណើរការដោយបានធ្វើការផ្សព្វផ្សាយ៖ (១). លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា, (២). ប្រកាសសេចក្តីសម្រេចស្តីពីការបង្កើត និងចាត់តាំងក្រុមការងារសម្របសម្រួលព័ត៌មានចំណុះរចនាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ និង(៣). ពិនិត្យរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ និងលើកទិដៅបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ ជាពិសេសតែងតែងផ្តល់ឱវាទដឹកនាំ និងចូលរួមដោះស្រាយរាល់បញ្ហា និងសំណូមពរផ្សេងៗរបស់យុវជនគណបក្សក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនគណបក្សព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម នាពេលកន្លងមក។

ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ដឹកនាំបន្តមួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖

១.ពិនិត្យលទ្ធភាព និងស្រង់សមាសភាពយុវជនគណបក្សក្រសួងដែលចូលរួមស្ម័គ្រចិត្តក្នុងកម្មវិធីនានា ដោយសូមលេខាធិការដ្ឋាន និងប្រធានផែនទាំង៤ សហការរៀបចំកម្មវិធី ជិះកង់ក្រោមម្លប់សន្តិភាពលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាចុងសប្តាហ៍ទី២ នៃខែកក្កដាខាងមុខនេះ។

២. ផែនការសកម្មភាពឆ្នាំ២០២៥ ដែលត្រូវអនុវត្តបន្ត រួមមាន៖ (១).ពិភាក្សា និងបែងចែកយុវជនចុះជួយនៅមូលដ្ឋានតាមបណ្តាស្រុកក្នុងខេត្តកំពង់ឆ្នាំង និងខេត្តគោលដៅផ្សេងៗទៀត, (២).បន្តរៀបចំកម្មវិធី និងព្រឹត្តការណ៍នានារបស់យុវជន, (៣).រៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សា, (៤).ស្វែងរក និងចងក្រងឯកសារស្តីពីតួនាទីភារកិច្ចរបស់គណបក្សមូលដ្ឋាន និងសាខាចំណុះ និង(៥).សកម្មភាពបរិច្ចាកឈាម, រើសសំរាម ជាដើម ។ល។

៣. គណបក្សមូលដ្ឋាន ប្រធានផែនចំណុះ និងលេខាធិការដ្ឋានត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវលទ្ធផលនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាឱ្យបានឆាប់រហ័សជូនដល់សមាជិក សមាជិកានៃគណបក្សទៅតាមមូលដ្ឋានក្រោមការទទួលខុសត្រូវរបស់ខ្លួន។

៤. ក្រុមការងារសម្របសម្រួលព័ត៌មានដែលទើបនឹងប្រកាសសមាសភាពត្រូវ៖ (១).តាមដាន និងក្ដាប់គ្រប់ស្ថានការណ៍ ព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមគ្រប់និន្នាការ ជាពិសេស ព័ត៌មានដែលមានចរិតវាយប្រហារមកលើគណបក្ស និងថ្នាក់ដឹកនាំ, (២).ចូលរួមដោយបុរេសកម្មលើការវាយបក ទប់ស្កាត់ និងលុបបំបាត់នូវរាល់ព័ត៌មានវាយប្រហារមកលើគណបក្ស និងថ្នាក់ដឹកនាំគណបក្សលើបណ្តាញផ្សព្វផ្សាយសង្គម តាមរយៈការចូលរួមបញ្ចេញមតិបកស្រាយ និងវាយបក ដើម្បីបន្សាបព័ត៌មានទាំងនោះ ពិសេស បញ្ហាដែលកំពុងកើតមាននៃជម្លោះព្រំដែនរវាង កម្ពុជា-ថៃ, (៣).បំផុសចលនាផ្សព្វផ្សាយ ដើម្បីគាំទ្រជាប្រចាំលើបណ្តាញផ្សព្វផ្សាយសង្គមអំពីស្នាដៃរបស់ក្រសួង និងថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ និង(៤).ផ្សព្វផ្សាយបន្តនូវព័ត៌មាននានា ដល់ក្រុមការងារពាក់ព័ន្ធ ដើម្បីចាត់ចែង និងអនុវត្តឱ្យមានប្រសិទ្ធភាព។

៥. ក្នុងនាមយុវជនគណបក្ស ត្រួវរួបរួមការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយសជាតិ និងភាពថ្លៃថ្នូរ ព្រមទាំងស្វែងយល់នូវប្រវត្តិសាស្ត្ររបស់ខ្មែរយើង និងសូមចូលរួមគាំទ្រជាសម្ភារ និងថវិកាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់កងកម្លាំងនៅតាមព្រំដែន ដើម្បីការពារនូវជាតិមាតុភូមិយើង ៕